Tuesday, July 1, 2014

Mondolkiri Province


ខេត្តមណ្ឌលគីរី


ខេត្តមណ្ឌលគីរីImage
          ខេត្តមណ្ឌលគីរី គឺជាខេត្តមួយដែលសំបូរទៅដោយជ្រោះជ្រងជ្រលងដងអូរ និងព្រៃភ្នំដែល​ជាប្រភេទធម្មជាតិទេសចរណ៏សុទ្ធសាត។ តាមរយៈការសន្និដ្ឋានរបស់អ្នកបរបាញ់សត្វក្នុងខេត្តបាន​បញ្ជាក់​​ថាៈ ខេត្តមណ្ឌលគីរី មានទឹកធ្លាក់ជាង ៦០កន្លែង ទាំងតូចទាំងធំ ដែលជាប្រភពផ្តល់ថាម​ពលយ៉ាងខ្លាំងផ្នែកអគ្គិសនីទៅថ្លៃអនាគត។
ក. រមណីយដ្ឋានទឹកជ្រោះប៊ូស្រាៈ
          ទឹកជ្រោះប៊ូស្រា មានចំងាយ ៤៣គ.ម ពីទីរួមខេត្តដោយធ្វើដំណើរតាមផ្លូវគ្រួសក្រហមឆ្ពោះ ទៅរកស្រុកពេជ្រចិន្តា។
          ទឹកជ្រោះប៊ូស្រា ជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគីរី។ ទឹកជ្រោះនេះចែកចេញជាបី​ដំណាក់៖
-       ដំណាក់ទី​១​៖ ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ​ ១២ ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និងកំពស់ពី ១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
-       ដំណាក់ទី២៖ ទឹកហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និងមានមុខកាត់ទទឹង ២៣ម៉ែត្រ នៅរដូវប្រាំង និងកំពស់ពី ១៨ ទៅ ២៥ ម៉ែត្រ និងមុខកាត់ ២០ម៉ែត្រ នៅរដូវវស្សា។ ទឹកធ្លាក់ទី២​ មានចំងាយពីទឹកធ្លាក់ទី១ ចំងាយ ១៥០ម៉ែត្រ។
-       ដំណាក់ទី៣៖ ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះយើងមិន​អាច​ទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស ខ្វះមធ្យោបាយធ្វើដំណើរ និងតំបន់គ្រោះ​ថ្នាក់នៃពពួកសត្វព្រៃ។
ខ. រមណីយដ្ឋានទឹកជ្រោះសែនមនោរម្យៈ
        ទឹកជ្រោះសែនមនោរម្យ មានទីតំាងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ដែលមានចំងាយ ៥គ.ម ពីទីរួមខេត្ត តាមផ្លូវលំគ្រួសក្រហម។ នៅសងខាងផ្លូវ មានដំណាំឧស្សាហកម្មជាច្រើនដូចជា កៅស៊ូ កាហ្វេ និងស្វាយចន្ទីជាដើម។
          ទឹកជ្រោះសែនមនោរម្យ ជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាក និងបុណ្យទាន​ជាតិយើង ពីព្រោះមានទីតាំងនៅជិតទីរួមខេត្ត។
          ទឹកជ្រោះសែនមនោរម្យមាន៣ ដំណាក់គឺ៖
-       ដំណាក់ទី​១​៖ ទឹកហូរធ្លាក់មានល្បឿនតិចៗ ដោយទឹកមានកំពស់ត្រឹមតែ ១ម៉ែត្រ និង​មាន​មុខកាត់ពី ២ ទៅ ៤ម៉ែត្រ ប៉ុណ្ណោះ។
-       ដំណាក់ទី២៖ ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សា ដែលមានកំពស់ ៦ ទៅ ៧ម៉ែត្រ និងមានមុខកាត់ ៨ម៉ែត្រ និងនៅរដូវប្រាំងទឹកមានកំពស់ពី ៧ ទៅ ៩ម៉ែត្រ និងមុខកាត់ពី ៤​ ទៅ ៥ម៉ែត្រ។ នៅជាប់មាត់ជ្រោះមានកន្លែងធំទូលាយសំរាប់អង្គុយ។
-       ដំណាក់ទី៣៖ ស្ថិតនៅចំងាយ ១គ.ម ពីដំណាក់ទី២ ដែលទឹកហូរធ្លាក់មានកំពស់ ១,៥ម៉ែត្រ។  នៅតំបន់នេះគ្មានអ្នកទៅកំសាន្តលេងទេ។
គ. រមណីយដ្ឋានទឹកជ្រោះរមនាៈ
        ទឹកជ្រោះរមនា មានចំងាយ ១០,៥គ.ម ពីទីរួមខេត្ត។ តំបន់នេះមានទីតាំងស្ថិតក្នុងស្រុក​សែនមនោរម្យ។
          ទឹកជ្រោះរមនា​មានទីតាំងល្អ​ ដោយនៅក្បែរទឹកធ្លាក់មានប្រភេទដំណាំឧស្សាហកម្មជាច្រើន​​​​​​ដូចជា ដំណាំកៅស៊ូ កាហ្វេ ស្វាយចន្ទី ប័រ និងដើមប្រេសជាដើម។
          ទឹកជ្រោះរមនា​ មានល្បាក់ទឹកធ្លាក់កំពស់ ៥ម៉ែត្រ និងមុខកាត់ទទឹង ១០ម៉ែត្រ នៅរដូវវស្សា និងរដូវប្រាំងទឹកមានកំពស់ ៦ម៉ែត្រ មុខកាត់ទទឹង ៨ម៉ែត្រ។ ក្រៅពីមានទឹកធ្លាក់នៅតំបន់នេះ មានដើមឈើធំៗ ដែលជាម្លប់យ៉ាងត្រជាក់ដល់ការទៅកំសាន្តនៅទីនោះ។
ឃ. រមណីយដ្ឋានទឹកជ្រោះជ្រៃធំៈ
          ទឹកជ្រោះជ្រៃធំ មានទីតាំងស្ថិតក្នុងស្រុក​សែនមនោរម្យ​ មានចំងាយ ៣៤គ.ម ពីទីរួមខេត្ត។
          ទឹកជ្រោះជ្រៃធំ មានកំពស់ ១៥ម៉ែត្រ មុខកាត់ទទឹង ២ម៉ែត្រ នៅរដូវប្រាំងទឹកធ្លាក់បែកផ្សែង និងនៅរដូវវស្សាទឹកមានកំពស់ ១១ម៉ែត្រ និងទទឹងមុខកាត់ ៨ម៉ែត្រ។ ក្រៅពីទឹកធ្លាក់តំបន់នេះ មានចំការស្រឡៅព័ទ្ធជុំវិញ និងដើមជ្រៃមួយយ៉ាងធំ ដែលមានបែកមែកសាខា។ តំបន់នេះមន្ទីរ​ទេសចរណ៍ខេត្ត បានសហការជាមួយអាជ្ញាធរដែនដីរៀបចំជាតំបន់ទេសចរណ៍សំរាប់ជំនួសទឹក​ជ្រោះប៊ូស្រា នៅរដូវវស្សាដែលមិនអាចទៅបាន។
ង. ឆ្នេរទន្លេៈ
        ឆ្នេរទន្លេ មានទីតាំងស្ថិតនៅក្នុងស្រុកកោះញែក ដែលមានចំងាយ ១៥០គ.ម ពីទីរួមខេត្ត។​ តំបន់ឆ្នេរនេះលាតសន្ធឹងនៅលើទន្លេស្រែពក លាយលំជាមួយកូនកោះតូចៗជាច្រើន។ ឆ្នេរនេះមាន​ខ្សាច់ក្រហមពណ៌មាស ដែលជាកន្លែងកំសាន្តនៃអ្នកស្រុកកោះញែក។
ច. រមណីយដ្ឋានចំការស្រល់ៈ
          ចំការស្រល់ មានទីតាំងស្ថិតក្នុងស្រុក​សែនមនោរម្យ​ ដែលមានចំងាយ ៦គ.ម ពីទីរួមខេត្ត តាមបណ្តោយផ្លូវជាតិលេខ ១៤ ប៉ែកខាងស្តាំ។ តំបន់នេះបានបន្សល់ទុកនូវធម្មជាតិដើមស្រល់តាំង​ពីឆ្នាំ ១៩៧០ មកម្លេះ។ ចំការស្រល់នេះមានទីតាំងនៅលើខ្ពង់រាប ដែលមានដើមស្រល់រាប់រយដើម ដុះតំរៀបគ្នាជាជួរ ហើយមានកំពស់ស្មើៗគ្នា នៅផ្នែកខាងក្រោមដើមមានស្លឹកស្រល់ទុំជ្រុះពេញ ផ្ទៃដីបង្កើតជាកំរាលព្រំពណ៌មាស។ អ្នកទេសចរណ៍ទៅកំសាន្តលេងមិនចាំបាច់ក្រាលកន្ទេលទេ គឺជំនួសដោយស្លឹកស្រល់ទុំ។ តាមប្រវត្តិសាស្រ្តរបស់ចំការស្រល់បានបញ្ជាក់ថា ដើមស្រល់ទាំងនេះ​ត្រូវ​បានដាំតាំងពីមុនសម័យសង្គមរាស្រ្តនិយមមកម្លេះ។

1 comment: